ភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ដំណើរអញ្ជើញមកដល់ទីស្ដីការក្រសួងមហាផ្ទៃ របស់លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានទទួលស្វាគមន៍ ដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយកងកិត្តិយស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំបានចាប់ផ្ដើមពីជំនួបចង្អៀត ដោយភាគីកម្ពុជាមានការអញ្ជើញចូលរួមពី លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោករដ្ឋលេខាធិការ លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកអគ្គនាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន លោកអគ្គលេខាធិការ លោកអភិបាលខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ។
ចំណែកភាគីឡាវ មានការអញ្ជើញចូលរួមពី លោកឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា លោកអភិបាលខេត្តអត្តពឺ លោកអភិបាលរងខេត្តចំប៉ាសាក់ លោកអនុរដ្ឋមន្រ្តី លោកអគ្គនាយកភស្តុភារ លោកនាយកខុទ្ទកាល័យក្រសួង លោកអគ្គនាយកនយោបាយ លោកអគ្គនាយកសន្តិសុខ និងលោកអគ្គស្នងការនគរបាល នៃក្រសួងសន្តិសុខសាធារណៈឡាវ។
ក្រោយបញ្ចប់ជំនួបចង្អៀត លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំមួយចំនួនទៀត នៃក្រសួងទាំងពីរ។
នាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមាន ស្ថានភាពសេដ្ឋកិច្ច សភាពការណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ និងសំណូមពរមួយចំនួនសម្រាប់ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនោះដែរ លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ទូទៅនៅក្នុងប្រទេសឡាវ ក្នុងនោះ រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន។ លោកនាយឧត្តមសេនីយ៍ ឧនាយករដ្ឋមន្រ្តី ក៏បង្ហាញការកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អគ្រប់ថ្នាក់រវាងអង្គភាពចំណុះក្រសួងទាំងពីរ រួមទាំងខេត្តជាប់ព្រំដែនផងដែរ។
គួរកត់សម្គាល់ថា ក្នុងជំនួបនិងកិច្ចប្រជុំនោះដែរ លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បានបង្ហាញក្ដីនឹករលឹកខ្ពស់ចំពោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានថ្លែងអបអរសាទរ លោកអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភាគីទាំងពីរក៏បង្ហាញការគាំទ្រចំពោះជំនួបវាងនាយករដ្ឋមន្រ្តី និងប្រធានសភា នៃប្រទេសទាំងពីរ កាលពីពេលថ្មីនេះផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងយោគយល់ខ្ពស់។ នៅចុងបញ្ចប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០២៤៕
ដោយ៖ តារា