ព័ត៌មានទាន់ហេតុការណ៍៖

ការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence ពីអ្នកជំនាញមកពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ អំពី ការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence ពីអ្នកជំនាញមកពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency)។

អគ្គនាយកដ្ឋានបេតិភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការដឹកនាំនិងសម្របសម្រួលរបស់នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានរៀ​បចំវគ្គបណ្តុះបណ្តាលអំពី ការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ដែលទទួលបានពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជូនដល់មន្រ្តីជំនាញចំនួន៥រូប មកពីនាយកដ្ឋានក្រោមចំណុះ អគ្គនាយកដ្ឋានបេតិកភណ្ឌ ដែលមានលោកស្រី Lena BASSEL អ្នកជំនាញមកពី(IAEA) ជាគ្រូឧទ្ទេស។

ការបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិសំបូរព្រៃគុក សិក្ខាកាមបានចុះអនុវត្តផ្ទាល់នៅលើទីតាំងប្រាសាទចំនួនពីរ គឺ ប្រាសាទតោ និង ប្រាសាទយាយព័ន្ធ ក្នុងតំបន់រមណីដ្ឋានប្រាសាទសំបូរព្រៃគុក បន្ទាប់មកយកទិន្នន័យមកធ្វើការវិភាគនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence (XRF) ជាឧបករណ៍មួយក្នុងការសិក្សាសមាសធាតុ (Composition) នៃវត្ថុអសរីរាង្គ (inorganic materials) រួមមានដូចជា ថ្ម បាយអ ឥដ្ឋ កុលាលភាជន៍ ប្រភេទពណ៌ដីលែង និងពពួកលោហៈផ្សេងជាដើម។

សូមជម្រាបថា ៖ អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៣ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រីឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាលនិងទស្សនកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ៕ 

ដោយ ៖ សិលា


ចែករំលែក៖