ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នានៅលើស្ពានព្រែកសំរោងបណ្តាលឱ្យបុរសម្នាក់បោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីពន្ធនាគារ ទំនងជាស្រវឹងស្រាបានបើករថយន្តឡើងស្ពានព្រែកសំរោងក្នុងល្បឿនលឿនវ៉ាជែងចូលជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងប៉ើងផ្ទប់នឹងខឿនផ្លូវបណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨:៣០នាទីយប់ថ្ងៃទី ១៤ខែមីនាឆ្នាំ ២០២៤ នៅចំណុចលើស្ពានព្រែកសំរោងក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឃិន ចាន់តារ៉ា អាយុ២៩ឆ្នាំ មុខរបរបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង បច្ចុប្បន្នស្នាក់នៅម្តុំពោធិ៍ចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ បើកម៉ូតូម៉ាកហុងដាឌ្រី សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HU-6643 ជិះឡើងស្ពានព្រែកសំរោង ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AN-0814 បើកដោយបុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីពន្ធនាគារ ធ្វើដំណើរឡើងលើស្ពានព្រែកសំរោងក្នុងទិសដៅពីកើតទៅលិចយ៉ាងល្បឿនវ៉ាជែងឆ្លងចូលគន្លងផ្លូវម៉ូតូជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង ប៉ើងផ្ទប់នឹងខឿនបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែករថយន្តបង្កបន្តល្បឿនបើករត់តែត្រូវសមត្ថកិច្ចតាមឃាត់បានទាំងអ្នកបើកបរនិងរថយន្ត។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់វាស់វែងធ្វើកំណត់ហេតុយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖