ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនរេចង្កូតប៉ះទ្រូងផ្លូវនឹងទៅបុកបង្គោលភ្លើងបណ្តាលឱ្យយុវជនម្នាក់បោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈបើកម៉ូតូលឿនខ្វះការប្រុង ប្រយ័ត្ន រេចង្កូតប៉ះទ្រូងផ្លូវហើយបន្តទៅបុកបង្គោលភ្លើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥:២០នាទីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចទល់មុខភ្នំពេញស្បតក្លឹប ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើកម៉ូតូ ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1M-4769 ជិះម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈជិះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងមួយដើម បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ពេលនោះដែរពលរដ្ឋនៅក្បែរនោះក៏បានរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យនិងស្វែងរកសាច់ញាតិ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំស្វែងរកក្រុមគ្រួសារមកទទួលនៅពេលក្រោយ។ ចំណែកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យខាងរថយន្ត សាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖