ខេត្តបាត់ដំបង៖ យុវជនពីរនាក់ បានបបួលគ្នារកស៉ីលក់គ្រឿងញៀនយ៉ាងសកម្មនៅស្រុកមោងឬស្សី ទីបំផុតត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរ និងធ្វើការដកហូតវត្ថុតាងជាគ្រឿងញៀនជាច្រើនកញ្ចប់ ដេីម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា កាលពីវេលាម៉ោង០០និង៥៥នាទីឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ ស្ថិតនៅក្រុមទី១០ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបង្ក្រាប ករណីរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀន(សម្រាប់ចែកចាយ) ចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។
លោកអធិការស្រុក បានឱ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់នេះ ទី១,ឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២, ឈ្មោះ សេត ខេមរ៉ា ភេទប្រុស អាយុ២៨ ឆ្នាំមានទីលំនៅភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន១២កូនថង់ទម្ងន់ ៧,៤៥ក្រាមសង្ស័យមានសារធាតុ ញៀន។ ទូរសព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ