ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​៖​ ខេត្តកំពតចំពោះការត្រួតពិនិត្យជាតិអាល់កុលនិងចាប់ផ្តើមពីម៉ោង ១១យប់ ប៉ុន្តែក្នុងករណីអ្នកបើកបរដែលសមត្ថកិច្ចពិនិត្យឃើញថាបើកបរក្នុងស្ថានភាពស្រវឹងមុនម៉ោង ១១យប់នោះក៏នឹងធ្វើការត្រួតពិនិត្យភ្លាមៗ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅព្រឹកថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖​ ខេត្តកំពត​ ចំពោះការត្រួតពិនិត្យជាតិអាល់កុលនិងចាប់ផ្តើមពីម៉ោង ១១យប់ ក៏ប៉ុន្តែក្នុងករណីអ្នកបើកបរដែលសមត្ថកិច្ចពិនិត្យឃើញថាបើកបរក្នុងស្ថានភាពស្រវឹងមុនម៉ោង ១១យប់ នោះសមត្ថកិច្ចក៏នឹងធ្វើការត្រួតពិនិត្យភ្លាមៗលើអ្នកបើកបរគ្រប់មធ្យោបាយធ្វើដំណើរទាំងអស់។ 

លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបន្តថា​ ហើយប្រសិនបើមន្ត្រីចរាចរណ៏របស់យើងខ្ញុំអនុវត្តខុសគោលការណ៏ណែនាំ សូមតេមកលេខទូរសព្ទ័ខាងក្រោមនេះ 092937705 ។

គួរបញ្ជាក់ថា​ ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥​ មីនា​ម្សិលមិញ​នេះ  សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានណែនាំឱ្យកែសម្រួលម៉ោងត្រួតពិនិត្យជាតិអាល់កុល ដើម្បីកាត់បន្ថយសម្ពាធទៅលើភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុដោយសារវិធានការរឹតបន្តឹងការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់។

យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមក ពីគ្រឿងស្រវឹងនាពេលកន្លងមក។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៥ ខែមីនា ដដែលនេះ សម្តេចធិបតី ក៏បានណែនាំឱ្យបង្កើនការអប់រំពាក់ព័ន្ធនឹងគ្រោះថ្នាក់បណ្តាលមកពីគ្រឿងស្រវឹង ទន្ទឹមគ្នានឹងការពង្រឹងវិធានការច្បាប់។

ក្នុងកិច្ចប្រជុំដដែល សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានឆ្លៀតណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃ បន្តការត្រួតពិនិត្យលើល្បែង ស៊ីសង និងផ្សងសំណាងឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានោះ​ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់នារយៈពេលមួយខែខាងមុខទៀត សម្តេចធិបតី មិនភ្លេចណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖