ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ភ្លើងឆេះក្នុងឧទ្យានបូកគោ​បានរលត់ហើយ ផលប៉ះពាល់ទៅលើដំណាំនិងព្រៃឈើប្រហែល ៤០ហិកតា អ្វីដែលសំខាន់គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពត៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ករណីភ្លើងឆេះក្នុងឧទ្យានបូកគោ​បានរលត់ហើយ ផលប៉ះពាល់ទៅលើដំណាំនិងព្រៃឈើប្រហែល ៤០ហិកតា អ្វីដែលសំខាន់គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនិងលំនៅឋានរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ​ស្នងការ​ ក៏បានបញ្ជាក់កាលពីយប់ថ្ងៃទី១៦​ មីនា​ថា៖​ ករណីអគ្គិភ័យនៅជួរជើងភ្នំបូកគោកម្លាំងបង្ក្រាបអគ្គិភ័យបានត្រៀមដើម្បីការពារបងប្អូនរួចរាល់ហើយ។ ការឆេះនេះដោយសារអាកាសធាតុក្តៅ ហើយមិនមានផ្លូវសម្រាប់រថយន្តពន្លត់អគិ្គភ័យឡើងទៅពន្លត់បាន ដូច្នេះយើងត្រៀមម្ចាស់ការដើម្បីការពារលំនៅឋានរបស់បងប្អូននៅតាមជើងភ្នំវិញ ក្នុងករណីបន្ទាន់សូមទាក់ទងមកលេខខាងក្រោមនេះ 087818322 ។

បន្ថែមពីនេះ​ លោកស្នងការ​បានបញ្ជាក់ថា​ គិតត្រឹមម៉ោង​ ៩យប់មិញនេះ​ ករណីអគ្គិភ័យនៅជើងភ្នំបូកគោបានថមថយបន្តិចហើយ ភ្លើងមិនបានឆេះរាលដាលមកក្រោយជាសញ្ញាល្អសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមជើងភ្នំ ហើយកម្លាំងក៏នៅបន្តតាមដានស្ថានភាពនៃការឆេះនេះដែរ៕

ដោយ៖ តារា


ចែករំលែក៖