ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត​ សម្តេចមហារដ្ឋសភាធិការធិបតី​ ប្រធានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត​ សម្តេចមហារដ្ឋសភាធិការធិបតី​ ប្រធានរដ្ឋសភា ដែល

បានទទួលមរណភាព នៅថ្ងៃសៅរ៍​ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០​ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី​ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ប្អូនប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។​ មរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប​ មានវីរភាពដ៏ឧត្តុង្គឧត្តម។

សព​ ឯកឧត្តម ឃួន ផល្លារិទ្ធ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សូមជម្រាបថា សព​ ឯកឧត្តម ឃួន ផល្លារិទ្ធ នឹងត្រូវដង្ហែយកទៅបូជា នៅម៉ោង​ ០៧:១២​ ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ៕

ដោយ ៖ សិលា


ចែករំលែក៖