សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធររៀបចំការបោះឆ្នោតនៅប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ឥណ្ឌានឹងបោះឆ្នោតសកលថ្មី ក្នុងដំណើរការដែលនឹងប្រព្រឹត្តទៅសរុប៧ដំណាក់កាល ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ដើមខែមិថុនា ឆ្នាំនេះ ខណៈវាគឺជាការបោះឆ្នោតធំជាងគេបង្អស់របស់ពិភពលោក ជាមួយអ្នកមានសិទ្ធិបោះឆ្នោតជិត១ពាន់លាននាក់។ការបោះឆ្នោតខាងលើ នឹងមើលឃើញនាយករដ្ឋមន្រ្តីឥណ្ឌា ដែលបានជាប់ពីរអាណត្តិរួចមកហើយ គឺលោក Narendra Modi ត្រូវប្រជែងជាមួយសម្ព័ន្ធភាពនៃក្រុមគណបក្សប្រឆាំង ដែលមិនសូវសាមគ្គីគ្នារឹងមាំប៉ុន្មាននោះឡើយ ហើយលទ្ធផលស្ទង់មតិបន្តបន្ទាប់កន្លងមកនេះ បានបង្ហាញថា គណបក្ស Bharatiya Janata ឬ BJP របស់លោក នឹងឈ្នះយ៉ាងងាយស្រួល។ ជ័យជម្នះនោះ នឹងធ្វើឱ្យលោក Modi ដែលមានវ័យ៧៣ឆ្នាំ ក្លាយជានាយរដ្ឋមន្រ្តីឥណ្ឌាទី២ បន្ទាប់ពីលោក Jawaharlal Nehru ដែលជាវីរបុរសឯករាជ្យរបស់ប្រទេសឥណ្ឌា និងជានាយករដ្ឋមន្រ្តីដំបូងបង្អស់ បន្តឈ្នះឆ្នោត៣អាណត្តិជាប់ៗគ្នា។
បើតាមលោក Rajiv Kumar ប្រធានគណៈកម្មការបោះឆ្នោតឥណ្ឌា ដំណាក់កាលចុងក្រោយនៃការបោះឆ្នោត នឹងប្រារព្ធឡើងនៅថ្ងៃទី១ ខែមិថុនា ហើយដំណើរការរាប់សន្លឹកឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែដដែលនោះ។ លោក Modi បានបង្ហោះសារលើបណ្តាញសង្គមថា រូបលោកមានភាពជឿជាក់ខ្ពស់ថា នឹងបន្តទទួលបានការស្រឡាញ់ពេញចិត្ត និងការគាំទ្រពេញទំហឹង ពីប្រជាជនក្នុងការបោះឆ្នោត។
លោក Modi បានដាក់គោលដៅយកឱ្យបានអាសនៈ៣៧០កៅអី សម្រាប់បក្សលោកផ្ទាល់ និងលើស៤០០កៅអី សម្រាប់សម្ព័ន្ធភាព National Democratic Alliance (NDA) ដែលគណបក្ស BJP ជាអ្នកដឹកនាំ នៅក្នុងសភាជាន់ទាបឥណ្ឌា ដែលមានអាសនៈសរុបទាំងអស់ចំនួន៥៤៣កៅអី។ កាលពីឆ្នាំ២០១៩ គណបក្ស BJP ឈ្នះបាន៣០៣កៅអី ហើយសម្ព័ន្ធភាព NDA ឈ្នះបានជាង៣៥០កៅអី ដោយវាគឺជាលទ្ធផលប្រសើរជាងគេបំផុត គិតចាប់តាំងពី BJP ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៨០មក។
លោក Modi នឹងរងការប្រកួតប្រជែងពីសំណាក់ សម្ព័ន្ធភាពនៃក្រុមគណបក្សប្រឆាំងចម្រុះ ប្រហែលជាង២០គណបក្ស ដែលដឹកនាំដោយបក្សប្រឆាំងធំជាងគេគឺ Congress។ សម្ព័ន្ធភាពក្រុមបក្សប្រឆាំងនោះ ហៅថា INDIA ឬ Indian National Developmental Inclusive Alliance។ យ៉ាងណាមិញ សម្ព័ន្ធភាពដែលទើបបង្កើតឡើងកាលពីឆ្នាំមុននេះ ហាក់មិនសូវមានសាមគ្គីភាពគ្នារឹងមាំប៉ុន្មាននោះទេ។ ប្រជាជនឥណ្ឌាសរុបជិត ៩៧០លាននាក់ បានចុះឈ្មោះដើម្បីទៅបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតសរុបជាង១លានកន្លែង ហើយគណបក្សនយោបាយសរុបខ្ទង់២,៤០០គណបក្ស ទំនងជានឹងចូលរួម៕ ដោយ៖ ធីរីណា
រូបថត៖ Vietnamplus.vn