ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចោរលួចគោតាមស្រុកមួយចំនួនក្នុងខេត្ត បាត់ដំបងត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដែលត្រូវបញ្ជូនទៅសាលាដំបូងនៅថ្ងៃស្អែក។ ពួកគេសង្ស័យករណីលួចគោអ្នកស្រុក នៅខេត្តបាត់ដំបង។

នគរបាលខេត្តបាត់ដំបងឲ្យដឹងថា កាលពីថ្ងៃទី ១៥ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣០នាទីយប់នៅភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង ការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ និងដោយមានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនី​យ៍​ឯក​ ឡុង​ យោធាវីរៈ​ អធិការនគរបាលស្រុកឯកភ្នំ​បាន ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌរួមជាមួយ កម្លាំងផ្នែកចរាចរណ៍និងក្រុមអន្តរាគមន៍បាននាំខ្លួនជន ស​ង្ស័យ២នាក់យកមកសាកសួរគឺឈ្មោះ វណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ ភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទាក់ទងក្នុងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ(លួចសត្វគោ) របស់ជនរងគ្រោះឈ្មោះ មៀន យ៉ុន ភេទប្រុ​ស អាយុ៦៦ ឆ្នាំមានទីលំនៅក្រុមទី​៣ ភូមិរហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី​៩ ខែកុម្ភៈ​ ឆ្នាំ​២០២៤ វេលាម៉ោង​០០និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ខែ​ខែកុម្ភៈ​ឆ្នាំ​២០២៤​នៅចំណុចក្រុមទី៣ ភូមិរហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅថ្ងៃដដែល វេលា​ម៉ោ ង១៥និង០០នាទី នៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០១​នាក់ទៀត ឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 

-វត្ថុតាងដកហូតរួមមាន៖ រថយន្តចំនួន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (Hyundai)ពណ៌ស ឆ្នាំផលិត ២០០៤ ពាក់ស្លាកលេខ 3A- 3660 លេខតួKMFG A17A P4C 001102 លេខម៉ាស៊ីន D4DA 4472122,ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១កូនថង់សង្ស័យមានសារធាតុញៀន,សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន,ទូរស័ព្ទដៃចំនួន២គ្រឿងនិងសត្វគោចំនួន០៧ក្បាល។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជន រងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្ត បាត់ដំបង​ ។ 

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖