ព័ត៌មានទាន់ហេតុការណ៍៖

លោកតាម្នាក់អាយុ៨៤ឆ្នាំសង្ស័យផឹកស្រាស្រវឹងដើរវង្វេងរអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់នគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅបានឱ្យដឹងថា÷ នៅវេលាម៉ោង ០៨និង២០នាទីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីលោកមេភូមិទួលថា មានករណីប្រជាពលរដ្ឋលង់ទឹកស្រះស្លាប់ម្នាក់ នៅចំណុចភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលជំនាញប៉ុស្ថិ៍សាលាក្រៅបានផ្ដល់ព័ត៍មានមកថា÷ មានលោកតាម្នាក់សង្ស័យដើររអិលជើងធ្លាក់ចូលក្នុងស្រះទឹកបណ្ដាលឱ្យលង់ស្លាប់នោះមាន ឈ្មោះ អ៊ុំ លាប  ភេទប្រុស  អាយុ៨៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចជំនាញបានបន្តថា÷ ពាក់ព័ន្ធនឹងការស្លាប់របស់លោកតាអ៊ុំ លាបនេះមានកូនប្រសាគាត់ម្នាក់បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា ឪពុករបស់គាត់ជាមនុស្សញៀនស្រា ហើយតែងតែហូបស្រាជាប្រចាំ និងមានជំងឺវង្វេងផងដែរ,គាត់ដើរច្រើន មកដល់ថ្ងៃទី១៧ ខែមីនានេះស្រាប់តែឮគេប្រាប់ថា គាត់លង់ទឹកស្រះនៅក្រោយផ្ទះស្លាប់បាត់ទៅហើយ គួរឱ្យអាណិតណាស់។

ក្រោយពីទទួលព័ត៌មានពីលោកមេភូមិភ្លាម កម្លាំងជំនាញនិងលោកគ្រូពេទ្យក៏ចុះទៅធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន។

បន្ទាប់ពីសមត្ថកិច្ចនិងលោកគ្រូពេទ្យពិនិត្យរួច សពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យទៅតាមប្រពៃណី នៅភូមិឃុំកើតហេតុខាងលើ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖