ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូនឹងម៉ូតូសណ្តោងរុឺម៉ក ដែលបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ត្រង់ចំណុចផ្លូវបំបំបែកជា៤ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក លី ណា បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានម៉ូតូហុងដាឌ្រីម សេ១២៥មួយគ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង1E-4526 ពុំមានភ្លើងបំភ្លឺផ្លូវ ឌុបគ្នា៣នាក់ បើកបរដោយឈ្មោះ រឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ចំណែកអ្នករួមដំណើរ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានជិះឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកសាន់យ៉ាន់ C125 ពណ៌ស បើកបរដោយឈ្មោះ សឹម ផល្លីន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានបើកម៉ូតូរុឺម៉កឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទិសខាងលិចទៅទិសខាងកើតក្នុងដំណើរខ្វែងទិសគ្នា ខណៈនោះក៏បានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យផងដែរ។ ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូសណ្តោងរុឺម៉កបានរត់គេចខ្លួនពីកន្លែងកើតហេតុ ចំណែកមធ្យោបាយបង្កទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីដោះស្រាយតាមនីតិវិធី៕
ដោយ ៖ ចន្ថា