ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលថ្មរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉េមួយគ្រឿងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ រួចបន្តល្បឿនទៅបុកបង្គោលថ្មបាក់មួយដើមទៀតទើបរថយន្តទៅមុខលែងរួចខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រា្រត្រឈានចូលថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤ នៅចំណុចទល់មុខស្ថានទូតវៀតណាមស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2D-2649 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនឹងស្ថានទូតវៀតណាមក៏បានរេចង្កូតទៅខាងឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់ចំនួនមួយកង់ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខបុកបង្គោលថ្មបាក់មួយដើមទៀតទើបរថយន្តទៅមុខលែងរួចខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបរគេចេញពីកន្លែងកើតហេតុបាត់ស្រមោល នៅតែអ្នកតំណាងរថយន្តប៉ុណ្ណោះ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចណ៍ចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖