ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានី ចេញ សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតី សាមគ្គីភាពជិតស្និទ្ធ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្រៃលែង។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពិធីបុណ្យដែលប្រារព្ធធ្វើឡើងដើម្បីសម្តែងនូវអំណរសាទរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវការគោរពដឹងគុណ ថ្វាយ ប្រគេនព្រះពរ សម្តេច ព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលជូនព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ និងជូនពរថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងបុព្វការីជនទាំងឡាយ សំដៅបង្កើនឡើងនូវមនោសញ្ចេតនា គោរពស្រលាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តទៅតាម ដំណើរសង្ក្រាន្តដូចតទៅ៖ – ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧នាទីយប់ (ម៉ោង ១០:១៧នាទីយប់) ជាថ្ងៃចូលឆ្នាំថ្មី

ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត

– ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត

– ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៤ថ្ងៃ ចប់ដោយបរិបូណ៌ និងចូលឆ្នាំរោង ឆស័ក តរៀងទៅ។

យោងផែនការណែនាំលេខ ០២/២០២៤ គជបអ ចុះថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីបុណ្យ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖ 

– រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋ” និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដោយការតុបតែងលម្អ កំណាត់បូ បំភ្លឺ ភ្លើងពណ៌ ដុតគោមបំភ្លឺ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងទង់រំយោល នៅតាម ស្ថាប័នសាមីនីមួយៗ និងគេហដ្ឋាន សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និ និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌ បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំង អាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយ រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាព ឱ្យកាន់តែស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ 

សូមអានខ្លឹមសារ រដ្ឋបាលរាជធានី ចេញ សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ទាំងស្រុងដូចខាងក្រោម ៕

 

ដោយ ៖ សិលា


ចែករំលែក៖