ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការអន្តរក្រសួង អ្នកតំណាងក្រុមហ៊ុន China Metro Group អ្នកតំណាងក្រុមហ៊ុន Guangzhou Metro Group ដែលជាអ្នកសិក្សាគម្រោង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
អង្គប្រជុំ បានពិនិត្យពិភាក្សាលើលទ្ធផលនៃការសិក្សាបឋមរបស់ក្រុមហ៊ុនទាំងពីរ ដែលបានលើកយកមកធ្វើបទបង្ហាញ។
សូមជម្រាបដែរថា៖ ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ជំរុញដំណើរការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីនេះ គឺដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញ ចូលមកកាន់ទីក្រុង និងកាត់បន្ថយទំហំចរាចរណ៍ ដែលកំពុងតែមានការកើនឡើង និងមមាញឹកជាខ្លាំង នៅក្នុងរាជធានីភ្នំពេញ៕
ដោយ ៖ សិលា