ដៃគូសំខាន់របស់អាមេរិកនៅអាហ្រ្វិកភាគពាយ័ព្យកំពុងផ្លាស់ប្តូរទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដែលធ្វើអោយក្រុងវ៉ាស៊ីនតោនព្រួយបារម្ភយ៉ាងខ្លាំងអំពីវត្តមានកើនឡើងរបស់ទីក្រុងម៉ូស្គូនៅក្នុងតំបន់ Sahel នៃទ្វីបអាហ្វ្រិកទាំងមូល។
កាលពីថ្ងៃទី 16 ខែមីនា ប្រទេសនីហ្សេ(Niger) បានប្រកាសថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យទាហានអាមេរិក និងបុគ្គលិកស៊ីវិលធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ 2014 ។
នីហ្សេគឺជាដៃគូដ៏សំខាន់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ ការប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានជំនួបតានតឹងរវាងរដ្ឋាភិបាលយោធានីហ្សេ និងមន្ត្រីការទូត និងយោធាអាមេរិក។ រដ្ឋាភិបាលយោធានីហ្សេ បានឡើងកាន់អំណាចបន្ទាប់ពីរដ្ឋប្រហារនៅខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូអាមេរិកបានសម្តែងការព្រួយបារម្ភអំពីវត្តមានយោធាដែលកំពុងកើនឡើងរបស់រុស្ស៊ីនៅក្នុងប្រទេសនីហ្សេ អំពីអនាគតនៃមូលដ្ឋានទ័ពអាកាសលេខ ១០១ ក្នុងរដ្ឋធានីនីហ្សេ និងលទ្ធភាពដែលអាកាសយានដ្ឋាននេះនឹងត្រូវផ្ទេរសម្រាប់ប្រទេសរុស្ស៊ី នេះបើតាម CNN ដកស្រង់សម្តីមន្ត្រីបាននិយាយ។
សេចក្តីថ្លែងការណ៍ទាំងនោះបានខឹងសម្បារដល់មេដឹកនាំយោធារបស់នីហ្សេដែលមានអារម្មណ៍ថាពួកគេកំពុងត្រូវបានបង្រៀន ទោះបីជាសហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុភាគច្រើនដល់ប្រទេសនីហ្សេតាំងពីចុងឆ្នាំមុន បន្ទាប់ពីរដ្ឋប្រហារបានកើតឡើងក៏ដោយ។
លោកវរសេនីយ៍ឯក Amadou Abdramane – អ្នកនាំពាក្យកងទ័ពនីហ្សេបានប្រកាសនៅថ្ងៃទី ១៦ ខែមីនា ថា“ក្នុងការជ្រើសរើសដៃគូការទូត យោធា និងជាដៃគូយុទ្ធសាស្ត្រ រដ្ឋាភិបាលនីហ្សេមានការសោកស្តាយដែលគណៈប្រតិភូអាមេរិកបដិសេធប្រជាជននីហ្សេនូវសិទ្ធិអធិបតេយ្យភាពក្នុងការជ្រើសរើសដៃគូ និងប្រភេទនៃភាពជាដៃគូដែលពិតជាជួយយើងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ទោះបីជាសហរដ្ឋអាមេរិកបានសម្រេចចិត្តជាឯកតោភាគីដើម្បីបញ្ឈប់ក៏ដោយ។
លោកវរសេនីយ៍ឯក Abdramane បានបន្ថែមថា គណៈប្រតិភូអាមេរិកមាន “អាកប្បកិរិយាថ្កោលទោស” ចំពោះប្រជាជននីហ្សេ។
កិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងនីហ្សេ គឺជាមូលហេតុធំបំផុតនៃជម្លោះរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលយោធានីហ្សេ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅពេលនោះថា កាលពីខែមករាកន្លងទៅ រុស្ស៊ី និងនីហ្សេ បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការយោធា៕
ដោយ៖ ធីរីណា(រូបថត៖ AP)