ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ចូលរួមដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធសពលោកឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ​ និងប្អូនប្រុសបង្កើតរបស់សម្តេចមហារដ្ឋសភាធិការធិបតី​ ប្រធានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២៤នេះ លោកស្រីពុំ​ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព​ លោក ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ​ និងជាប្អូនប្រុសបង្កើតរបស់សម្តេចមហារដ្ឋសភាធិការធិបតី​ ឃួន​ សុដារី​ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានទទួល មរណភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី ពុំ​ ចន្ទីនី​  បានប្រគល់ជូនសម្តេចមហារដ្ឋសភាធិការធិបតី​ ឃួន​ សុដារី​ ប្រធានរដ្ឋសភា នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា​ ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ទុកថា​ «មរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ គឺជាការបាត់បង់នូវប្អូនប្រុសបង្កើតជាទី ស្រឡាញ់ ស្វាមីជាឪពុកនិងជាជីតាជាទីស្រលាញ់របស់បងស្រី កូននិងចៅៗ រួមទាំងញាតិមិត្តទាំងអស់ ជា ពិ សេសគឺបាត់បង់ ធនធានមនុស្សម្នាក់ ដែលតែងតែលះ បង់មិនខ្លាចនឿយហត់ក្នុងការបម្រើស្ថាប័ននីតិបញ្ញាតិ ក្រោមការដឹកនាំ របស់សម្ដេចមហារដ្ឋសភាធិការធិបតី ហើយលោកជាកម្មាភិបាលម្នាក់នៃគណៈឃោសនា អប់រំមជ្ឈិមបានចូលរួមយ៉ាងសកម្មនៃការងារសតិអារម្មណ៍ ដើម្បីកសាងមាតុភូមិដោយស្មោះស្ម័គ្រឥត ងាករេ។»

ក្នុងវេលាដ៏សោកសង្រេងប្រកបដោយសេចក្តីសង្វេគជាទីបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការី សូមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ សម្តេចរដ្ឋសភាធិបតី និងក្រុមគ្រួសារ និងសូមបួងសួងឱ្យដួង វិញ្ញាណក្ខន្ធសពលោកឃួន ផល្លារិទ្ធ សូមបានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖