ព័ត៌មានទាន់ហេតុការណ៍៖

នារី២នាក់ជិះម៉ូតូឌុបគ្នាឡើងស្ពានព្រែកព្នៅទៅបុករថយន្តធុនធំខូចពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ និស្សិតស្រីឆ្នាំទី៤ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូឌុបគ្នាឡើងស្ពានព្រែកព្នៅ ទៅបុកពីក្រោយរថយន្តធុនធំដែលខូចនៅលើស្ពាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះស្រីស អាយុជាង២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ ចំណែកអ្នករួមដំណើររងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1407 បានចតចោលនៅលើស្ពានតាំងពីព្រឹកមកម្លេះ មូលហេតុដោយរថយន្តខូចកំពុងហៅជាងមកជួសជុល លុះមកដល់វេលាកើតហេតុស្រាប់តែគេ

ឃើញនារីរងគ្រោះ២នាក់ម្នាក់ជានិស្សិតឆ្នាំទី៤ បានជិះម៉ូតូម៉ាកហុងដាប៊ីតមួយគ្រឿងពាក់ស្លាកលេខ កណ្តាល 1AB-4881 បើកឌុបគ្នាតាមបណ្តោយផ្លូវមហាវិថីឈ្នះ=ឈ្នះ រួចឡើងលើស្ពានព្រែកព្នៅក្នុងទិសដៅពីលិសទៅកើតយ៉ាងលឿន ខណៈជិះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្តាលឱ្យបោកក្បាលចំនឹងកាងរថយន្តខាងក្រោយស្លាប់និស្សិតស្រីម្នាក់ភ្លាមៗ ចំណែកឯអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ធ្វើការត្រួតពិនិត្យវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖