ព័ត៌មានទាន់ហេតុការណ៍៖

ឧបទ្វីបកូរ៉េ “បង្កើនកម្តៅ” ជាមួយនឹងសមយុទ្ធជាបន្តបន្ទាប់ និងការបាញ់មីស៊ីល

ចែករំលែក៖

ក្រោយរយៈពេល២ខែ នៅព្រឹកថ្ងៃទី១៨ មីនា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់ចូលទៅក្នុងសមុទ្រខាងកើតនៃប្រទេសនេះ ចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក Blinken មានវត្តមាននៅកូរ៉េខាងត្បូង និងសមយុទ្ធយោធាជាបន្តបន្ទាប់ក្នុងខែមីនា។ ឧបទ្វីបកូរ៉េនៅតែបន្តរំជើបរំជួលក្នុងបរិបទនៃដំណើរការចរចាដែលជាប់គាំងយូរពេក។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែមីនា បានផ្សាយថា លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កងអង្គភាពកាំភ្លើងធំ នៅឯភាគខាងលិចនៃប្រទេស ដោយមានការធ្វើតេស្ដលើប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះខ្នាតយក្ស (super-large multiple rocket launchers) ផងដែរ។
យោងតាមសារព័ត៌មាន KCNA ការបាញ់ផ្លោងមីសុីលរបស់កូរ៉េខាងជើងកើតមានឡើងចំពេលកំពុងតានតឹងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ។ សមយុទ្ធនេះធ្វើឱ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកនិងបានធ្វើតេស្ដបាញ់គ្រាប់ពិតជាបន្តបន្ទាប់ ហើយនៅពេលនេះដំណើរទស្សនកិច្ចរបស់លោក Blinken ហាក់ដូចជាកំពុងដុតស្ថានការណ៍ឱ្យកាន់តែក្ដៅ។
សមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង ត្រូវបានប្រកាសតែមួយថ្ងៃប៉ុណ្ណោះក្រោយទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន៣គ្រាប់៕

ដោយ៖ ធីរីណា(រូបថត៖ KCNA)


ចែករំលែក៖