ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ប្អូនប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប មានវីរភាពដ៏ឧត្តុង្គឧត្តម។
សព ឯកឧត្តម ឃួន ផល្លារិទ្ធ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សូមជម្រាបថា សព ឯកឧត្តម ឃួន ផល្លារិទ្ធ នឹងត្រូវដង្ហែយកទៅបូជា នៅម៉ោង ០៧:១២ ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕
ដោយ ៖ សិលា