ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក និងលោកវរសេនីយ៍ទោ នាក់ សាន្ត អធិការរងនគរបាលខណ្ឌទួលគោក បានដឹកនាំក្រុមប្រតិបត្តិការចម្រុះចុះត្រួតពិនិត្យទីតាំងបើកតារាងបាល់ទះមួយកន្លែង សង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ ក្រោយមានការបង្ហោះផ្សាយតាមបណ្ដាញសង្គមនានា។
ក្នុងប្រតិបត្តិការខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងបើកតារាងបាល់ទះមួយកន្លែងសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលមានទីតាំងដីឡូត៍លេខ០១ ផ្លូវលេខ១៣២ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះថា បន្ទាប់ពីមានការបង្ហោះផ្សាយតាមបណ្ដាញសង្គមFacebook របស់គេហទំព័រនានា កាលពីថ្ងៃទី១៧ មីនា ២០២៤ បានបង្ហោះផ្សាយជាសាធារណៈ ថា៖ អូនពេជ្រថៅកែល្បែងស៊ីសងចល័ត វិលត្រឡប់មកទីតាំងចាស់ម្តុំតារាងបាល់ជិតវត្តនាគវ័ន្តវិញហើយ ក្រុមអ្នកមានទ្រព្យសម្បត្តិញៀនល្បែងស៊ីសង គ្មានពេលរកស៊ីតែមានពេលទំនេរពេកនោះ កើតរោគអផ្សុកប្រមូល ផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយមានមេវង់ឈ្មោះ អូនពេជ្រ ដែលបានដំណើរការនៅម្ដុំតារាងបាល់ទះ១កន្លែងក្បែរវត្តនាគវ័ន្ត ក្រោយក្លិបM1 សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោករាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរការបន្តទៀតហើយ។ នៅក្នុងវង់ល្បែងដែលគ្រប់គ្រងដោយ អូនពេជ្រ គឺមានអតិថិជនកាន់តែច្រើនចូលលេងដោយមិនខ្វល់អំពីបញ្ហាអសន្តិសុខ ឬប្រឈមនឹងការចាប់ចងរបស់សមត្ថកិច្ចនោះទេ។ អាជ្ញាធរខណ្ឌទួលគោក ស្ងាត់ស្ងៀមល្អណាស់ចំពោះវង់ល្បែងមួយនេះ។
ជាក់ស្ដែងនៅពេលក្រុមប្រតិបត្តិការជំនាញ បានចុះទៅដល់ទីតាំងនេះក៏បានជួបជាមួយឈ្មោះ អ៊ូច ស៊ុនលី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទីតាំងបានអនុញ្ញាតឲ្យក្រុមប្រតិបត្តិការចូលត្រួតពិនិត្យក្នុងទីតាំងតារាងបាល់ទះ និងតាមបន្ទប់ស្នាក់នៅដែលមាននៅក្នុងទីតាំងនេះ ។
ក្នុងការចុះត្រួតពិនិត្យជាក់ស្ដែងទីតាំងនេះមានតារាងបាល់ទះចំនួន០៣តារាង , ស្នុកឃ័រចំនួន០៣ស្នុកឃ័រ , មានបន្ទប់ចំនួន០៨បន្ទប់ ក្នុងនោះ០៦បន្ទប់មានមនុស្សស្នាក់នៅ ចំណែក០២បន្ទប់ទៀតជាបន្ទប់ទំនេរ ។
ដូច្នេះពុំមានការបើកលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់ដូចការបង្ហោះផ្សាយតាមបណ្ដាញសង្គមFacebook របស់គេហទំព័រនោះឡេីយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ក្រុមប្រតិបត្តិការបានធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើ ហាមយកទីតាំងនេះបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងហាមប្រើប្រាស់, ចែកចាយ និងជួញដូរគ្រឿងញៀន ៕
ដោយ៖ តារា