ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងកាច់បានឱ្យដឹងថា÷ នៅវេលាម៉ោង ០០និង១០ នាទី ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានករណីហិង្សាបណ្ដាលឱ្យមរណភាពជនរងគ្រោះ(ហិង្សាក្នុងគ្រួសារ)ចំនួន ០១ករណីកើតឡើងនៅចំណុចផ្លូវបេតុងមុខវត្តបេង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពពីមហាជនបានរៀបរាប់ប្រាប់នគរបាលជំនាញថា រឿងហេតុដែលជនសង្ស័យវាយប្រពន្ធស្លាប់នោះមុនដំបូងប្ដីបានផឹកស៊ីស្រវឹងជាប្រចាំ រហូតដល់ថ្ងៃកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងហើយមានទំនាស់ក្នុងគ្រួសារ ទើបបណ្ដាលឱ្យមានហិង្សាវាយប្រពន្ធរហូតដល់ស្លាប់ ។
ប្រភពបានបន្តថា÷ ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ហិត ហ៊ុន ភេទស្រី អាយុ ៤៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( ស្លាប់ )។
ចំណែកជនសង្ស័យឈ្មោះ មាស ម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្តកិច្ចជំនាញប៉ុស្ថិ៍ស្ទឹងកាច់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត