ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា៖ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល៥២ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងរាជធានីភ្នំពេញ មានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀងធៀប៥២ថ្ងៃដូចគ្នាមុនពេលការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានគូសបញ្ជាក់កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះថា ក្នុងរយៈពេល៥២ថ្ងៃក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យជាតិស្រវឹង បើប្រៀបធៀបរយៈពេល៥២ថ្ងៃដូចគ្នាមុនពេលការអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍មានថយចុះគួរឲ្យកត់សម្គាល់ ថយចុះទាំងអ្នកស្លាប់ និងទាំងអ្នករងរបួសជាដើម។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា ក្នុងរយៈពេល៥២ថ្ងៃនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់ នៅទូទាងរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១៩លើក លើ១៤៦លើក មានការថយចុះ២៧លើក ចំណែកអ្នកស្លាប់មានចំនួន៣៣នាក់ ថយចុះ១៨នាក់ បើប្រៀបធៀប៥២ថ្ងៃដូចគ្នានៅមុនពេលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
បើតាមអ្នកនាំពាក្យរូបនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរយៈពេល៥២ថ្ងៃក្នុងអំឡុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់នោះ គឺគ្រោះថ្នាក់បង្កឡើងដោយសារអ្នកបើកបរក្នុងល្បឿនលឿន បើកបរមិនគោរពសិទ្ធិ បើកបរមានការធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង និងបើកបរមិនប្រកាន់ស្ដាំ។
បន្ថែមពីនេះលោកអ្នកនាំពាក្យ បានឱ្យដឹងទៀតថា រយៈពេលជិតមួយខែមកហើយមកដល់បច្ចុប្បន្ននេះ ដែលកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានកែសម្រួលពេលវេលាក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្ដូរពីម៉ោង៨យប់ ទៅម៉ោង១០ ឬម៉ោង១១យប់ រហូតដល់២ឬម៉ោង៣ទៀបភ្លឺវិញមកដល់បច្ចុប្បន្ន។ ការផ្លាស់ប្ដូរម៉ោង និងចល័តគោលដៅនេះ គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងទទួលខុសត្រូវខ្ពស់ចំពោះការបើកបរដើម្បីជាការចូលរួមចំណែកក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ជាដើម៕
ដោយ៖ តារា