ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងបាននិយាយថា ក្រុងព្យុងយ៉ាងបានផ្ទេរកុងតឺន័រសព្វាវុធចំនួន ៧០០០កុងតឺន័រទៅឱ្យរុស្ស៊ី

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won Sik នៅថ្ងៃទី១៩ ខែមីនា ដោយនិយាយថា ដំបូងឡើយ កូរ៉េខាងជើងបានដឹកជញ្ជូនសព្វាវុធតាមសមុទ្រទៅកាន់ប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ “ជាមួយនឹងផ្លូវសមុទ្រមួយចំនួនឥឡូវនេះត្រូវបានផ្អាក អាវុធមួយចំនួនត្រូវបានបញ្ជូនតាមផ្លូវដែក”។
យោងតាមទីក្រុងសេអ៊ូល ចាប់តាំងពីប្រហែលខែកក្កដាឆ្នាំ 2023 ទីក្រុងព្យុងយ៉ាងបានផ្ទេរកុងតឺន័រអាវុធសរុបចំនួន 7,000 កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ី ដែលកើនឡើងចំនួន 300កុងតឺន័រ បើធៀបនឹងការប៉ាន់ស្មានកាលពីខែមុន។ កុងតឺន័រទាំងនេះអាចផ្ទុកគ្រាប់កាំភ្លើងធំ 122mm និង 152mm។
ជាមួយគ្នានេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានទទួលកុងតឺន័រជាង ៩,០០០ ដែលមានជំនួយពីរុស្ស៊ី។
លោក Shin បាននិយាយថា “ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងគឺអាក្រក់ខ្លាំងណាស់ ប៉ុន្តែចាប់តាំងពីឆ្នាំមុនមក វាបានប្រសើរឡើងគួរឱ្យកត់សម្គាល់ដោយសារតែការនាំចេញអាវុធទៅកាន់ប្រទេសរុស្ស៊ី” ។
លោក Shin ក៏បានសង្ស័យថា រុស្ស៊ីអាចផ្គត់ផ្គង់ឥន្ធនៈដល់កូរ៉េខាងជើង ទោះបីជាមានទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។
កាលពីចុងឆ្នាំមុន ទីក្រុងសេអ៊ូលបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានបញ្ជូនកាំភ្លើងធំជាង 1 លានគ្រាប់ទៅកាន់ប្រទេសរុស្ស៊ីជាថ្នូរនឹងការគាំទ្រផ្នែកបច្ចេកទេសពីទីក្រុងមូស្គូក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា។
អាមេរិកក៏បានប៉ាន់ប្រមាណថា កូរ៉េខាងជើងបានបញ្ជូនឧបករណ៍យោធានិងគ្រាប់រំសេវជាង ១០០០កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ីនៅខែតុលា ឆ្នាំ២០២៣។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
ក្នុងដំណើរទស្សនកិច្ចនោះ លោកគីមបានប្រកាសថា ទំនាក់ទំនងជាមួយរុស្ស៊ីគឺជា “អាទិភាពទីមួយរបស់កូរ៉េខាងជើង”។
ពាក់ព័ន្ធនឹងបញ្ហានេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះមក កងទ័ពអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែកជាង 3,500 គ្រាប់លើទីតាំងយោធាអ៊ុយក្រែន កើនឡើង16 ដងប្រៀបធៀបឆ្នាំមុន។
យន្តហោះយោធារុស្ស៊ីបានបង្កើនការប្រើប្រាស់គ្រាប់បែកដឹកនាំដើម្បីវាយប្រហារទីតាំងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅតាមព្រំដែននិងនៅជួរមុខ៕

ដោយ៖ ធីរីណា(រូប​ថត​៖ gialiaonline)


ចែករំលែក៖