ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ តាមរយៈការខិតខំប្រឹងប្រែងដោយផ្ទាល់របស់កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាល និងសប្បុរសជននានា និងការចូលរួមពីប្រជាពលរដ្ឋ សម្ដេចធិបតី ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ក្នុងការប្រកួតកន្លងមក កីឡាប៉ារ៉ាឡាំពិកកម្ពុជាយើង បានទទួលមេដាយចំនួន២៦១គ្រឿងរួចមកហើយ ដែលលទ្ធផលនេះ យើងមិនធ្លាប់ទទួលបាននោះទេ តាំងពីដំណាក់កាលចាប់ផ្តើមដំបូងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំជំរុញវិស័យកីឡានេះបន្ថែមទៀត ពីព្រោះថាកីឡាករទាំងអស់ មិនមែនធ្វើការហ្វឹកហាត់ដើម្បីខ្លួនឯងនោះទេ គឺប្រឹងប្រែងប្រកួតដើម្បីលើមុខមាត់ជាតិកម្ពុជារបស់យើង ទង់ជាតិកម្ពុជារបស់យើង នៅលើឆាកអន្តរជាតិ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំដំបូង និងបន្តផ្តល់រយៈពេល៣ឆ្នាំទៀត សរុប៨០០លានរៀល ជូនមូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលនៃជនពិការតេជោសែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសទទួលយកសំណើធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន៕

ដោយ ៖ សិលា


ចែករំលែក៖