ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញបងប្អូនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលនេះឆ្លុះបញ្ចំាងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ» ។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ត និងបញ្ជាក់ដល់បងប្អូនមានពិការភាពថា «បងប្អូនមិននៅឯកោនោះទេ» ព្រោះមាន សម្តេចធិបតីផ្ទាល់ រួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពល និងបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ។ ការណ៍នេះ បានបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាថាបងប្អូនមានពិការភាព ពិតជាមានឱកាសពេញលេញ ក្នុងការទទួលបានការគាំពារសិទ្ធិ និងការចូលរួមក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានកំណត់កូតារហូតដល់ចំនួន ២% សម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្តជាពិសេសឱ្យទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសដល់ជនមានពិការភាព ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ» ។
សម្តេចធិបតី បានបន្តទៀតថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួម នៅក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ នយោបាយ ដោយពេញលេញ និងស្មើភាព ។ ការកែលម្អ និងអភិវឌ្ឍនូវបរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល ក៏ជាកត្តាចាំបាច់ ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាព ផងដែរ ។ យ៉ាងណាម៉ិញ ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្តីពីជនមានពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍ ដូច្នេះ ការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាព នូវក្តីសង្ឃឹមភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនមានពិការភាព និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី តស៊ូ ព្យាយាម និងអត់ធ្មត់ ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេស ជនមានពិការភាពរបស់យើង ។ ព្រមទាំង បានអរគុណចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និង បច្ចេកទេស ដែលការណ៍នេះ រួមចំណែកដល់ការលើកកម្ពស់សិទ្ធិជនមានពិការភាព និង លើកកម្ពស់ជីវភាពបងប្អូនឱ្យកាន់តែប្រសើរ ។ ទន្ទឹមនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ៕
ដោយ៖ តារា