ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបូជាសពលោកឃួន ផល្លារិទ្ធ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានតម្កល់ប្រារព្ធពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនាអស់រយៈពេល៦ថ្ងៃកន្លងមក សពលោក ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី បានដង្ហែយកទៅបូជា នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ពិធីបូជាសពបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនញាតិមិត្តជិតឆ្ងាយ ជាច្រើនកុះករប្រកបដោយមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។

លោក ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូន ប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃ សៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

មរណភាព លោក ឃួន ផល្លារិទ្ធ មិនត្រឹមជាការបាត់បង់ប្អូន លោកឪពុក លោកឪពុកក្មេក ជីតា និងសហការី ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធាន មនុស្សដ៏គំរូមួយរូបដែលមានវីរភាព និងមនសិកាស្នេហាជាតិខ្ពស់ មានគុណបំណាច់ក្នុងការចូលរួមកសាង និងការអភិវឌ្ឍសង្គមជាតិ និងសាសនា នៅគ្រប់កាលៈទេសៈ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។

ឆ្លៀតនៅក្នុងវេលាប្រកបដោយសេចក្តីទុក្ខសោកដ៏ក្រៀមក្រំនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា រដ្ឋសភា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ញាតិមិត្ត័ជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមពិធីបុណ្យ សព ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលជាប្អូនបង្កើតផ្ទាល់សម្តេច ចាប់ពីថ្ងៃចាប់ផ្តើមរហូតពិធីបុណ្យបានបញ្ចប់សព្វគ្រប់ ដែលបានប្រារព្ធធ្វើឡើងទៅតាមគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់របស់ជាតិ ប្រកបដោយភាពអធិកអធមយ៉ាងក្រៃលែង។

 វត្តមាន យាង និមន្ត និងការអញ្ជើញចូលរួមរបស់សម្តេចព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ បានផ្តល់នូវកិត្តិយស និងមានតម្លៃយ៉ាងធំធេង និងកម្លាំចិត្ត ប្រកបដោយភាពកក់ក្តៅជាទីបំផុតដល់ក្រុមគ្រួសារសព។

សម្តេចរដ្ឋសភាធិបតី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ឃួន ផល្លារិទ្ធ សូមបានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖