កន្លងមកថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី គ្រោងបំពេញទស្សនកិច្ចលើកដំបូងទៅក្រៅប្រទេស ក្រោយជាប់ឆ្នោតអាណត្តិថ្មី ដោយលោកជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ច ដើម្បីបង្ហាញពីសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី។
ក្នុងពេលនេះដែរ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤បបានផ្ដាយថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៉ី លោក ចាង អានហួយ (Zhang Hanhui) បានប្រាប់បទសម្ភាសន៍មួយថា ទីក្រុងប៉េកាំងនឹងផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបាន សម្រាប់កិច្ចការសកម្មភាពរបស់ទីក្រុងមូស្គូ នៅក្រោមក្របខ័ណ្ឌនៃសមាគមប្រទេស BRICS ដែលបច្ចុប្បន្នមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។
លោក ចាង បានគូសបញ្ជាក់ថា «យើងនឹងផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបាន សម្រាប់រុស្ស៉ីក្នុងនាមជាប្រធានរបស់ BRICS»។ លោក ចាង បន្ថែមថា «យើងក៏ត្រៀមខ្លួនរួចរាល់ហើយដែរក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកទំព័រថ្មីនៃការបង្រួបបង្រួមនិងអភិវឌ្ឍពិភពលោកប៉ូលខាងត្បូង រួមជាមួយប្រទេស BRICS ដទៃទៀត»។
បើតាមមន្រ្តីការទូតចិនរូបនេះ ចិន-រុស្ស៉ីក៏នឹងរួមគ្នាលើកកម្ពស់ការបង្កើតពិភពលោកពហុប៉ូល ដែលមានរចនាសម្ព័ន្ធស្មើភាពគ្នា ក៏ដូចជាលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូល ដែលផ្តល់អត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់រូប៕ ដោយ៖ ធីរីណា
រូបថត៖ PLVN