ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដមួយគ្រឿងយ៉ាងលឿនទៅបុកឡំប្រឺតាពីចំហៀងខាងក្រោយពេញទំហឹងបណ្ដាលឱ្យឡំប្រ៊ីតាក្រឡាប់ជាច្រេីនត្រឡប់រងការខូចខាតយ៉ាងដំណំ រីឯអ្នកបេីកបររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវលេខ ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បានបេីកឡំប្រឺតា ពណ៌លឿង ពាក់ផ្លាកលេខ ព្រៃវែង 1N-0957 ធ្វេីដំណេីរចេញពីផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកេីត រួចឆ្លងភ្លើងស្តុបបម្រុងបត់ឆ្វេងទៅផ្លូវព្រះនរោត្ដម ។ ខណៈឡំប្រឺតាបត់បានពាក់កណ្ដាលភ្លើងស្តុប ស្រាប់តែត្រូវរថយន្តម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AN-9970 ដែលបេីកបរដោយបុរស
ម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏បុកឡំប្រឺតាពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រ៊ីតាក្រឡាប់ជាច្រេីនត្រឡប់រងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់ជាអ្នកបេីកបរបានរងរបួសធ្ងន់ ។
ក្រោយកេីតហេតុ អ្នកបេីកបរឡំប្រឺតា ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ រីឯអ្នកបេីករថយន្តបង្កមិនបានរត់គេចខ្លួនទៅណានោះទេ គឺនៅកន្លែងកេីតហេតុដេីម្បីដោះស្រាយជាមួយតំណាងជនរងគ្រោះ ។ ទោះជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋានមិនអាចទុករថយន្តបង្ក និងឡំប្រឺតានៅកន្លែងកេីតហេតុបានយូរនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទេីបសម្រេចសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងឡំប្រឺតា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ