ប៉ូលិសបានឆែកឆេរទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ក្នុងទីក្រុងម៉ាឌ្រីដ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ។ ព្រះរាជអាជ្ញាបាននិយាយថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតកាន់តែទូលំទូលាយដែលពាក់ព័ន្ធនឹងអំពើពុករលួយក្នុងអាជីវកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិមិនត្រឹមត្រូវ និងការលាងលុយក្នុងស្ថាប័នមួយនេះ។
ប៉ូលិសកំពុងធ្វើការស្វែងរក១១កន្លែងនៅលើទីតាំងមិនជាក់លាក់នៅទូទាំងប្រទេសអេស្ប៉ាញ។ ព្រះរាជអាជ្ញារំពឹងថាមនុស្ស៧នាក់នឹងត្រូវចាប់ខ្លួន។ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានហ្វឹកហាត់នៅលើទីលានមួយក្បែរទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ខណៈដែលការស្វែងរកត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ។
អេស្ប៉ាញនឹងត្រូវប្រកួតជាមួយកូឡុំប៊ីនៅថ្ងៃសុក្រនេះក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន West Ham ទីក្រុងឡុង។ ទន្ទឹមនឹងនោះ បុគ្គលិក RFEF ត្រូវបានហាមឃាត់មិនឱ្យចូលការិយាល័យកណ្តាលនោះទេ។ ប្រភពពី RFEF បានឲ្យដឹងថា ផ្ទះរបស់អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នៅ Andalucia កំពុងត្រូវបានស្វែងរក។
លោក Rubiales បានលាលែងពីតំណែងកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីមានការរិះគន់ចំពោះការថើបខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Jenni Hermoso នៅក្នុងពិធីបង្ហាញចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រី។ទាំង Hermoso និងលោក Rubiales រួមជាមួយនឹងសហសេវិក បានផ្តល់សក្ខីកម្មដល់ចៅក្រមស៊ើបអង្កេត ដែលបានណែនាំសំណុំរឿងនេះបន្តទៅការកាត់ក្តី ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)