ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!រថយន្តមិនស្គាល់ម៉ាក បើកបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បង្កឡើងដោយ រថយន្ត មួយគ្រឿងមិនស្គាល់ម៉ាក បើកបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក គ្មានភ្លើងពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលអោយ មនុស្សប្រុសស្រី របួសធ្ងន់ស្រាល៤នាក់នៅក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ៤និង០៥នាទី ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ ០១ Km ១៣១/១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង/ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះដែលរងរបួសមានឈ្មោះ ឈៀ ឆយ  ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កម្មករ និង អ្នករួមដំណើរឈ្មោះ ហឿន នឿ ភេទ ស្រី អាយុ ៤១ មុខរបរ កម្មករ ឈ្មោះ ឆយ ចរិយា ភេទ ស្រី អាយុ ០៧ ឆ្នាំ និង អឿន វីរៈយុទ្ធ ភេទ ប្រុស អាយុ ០៣ ឆ្នាំ អ្នកទាំង៤ រស់នៅភូមិ ព្រៃសង្គម ឃុំ ច្រេស ស្រុក មេសាង ខេត្តព្រៃវែងដោយបើកម៉ូតូសណ្ដោងរុឺម៉កម៉ាក City ពណ៌ ក្រហម គ្មានស្លាកលេខខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយបង្កហេតុឃើញសភាពការណ៍មិនស្រួល បើករត់គេចពីកន្លែងកើតហេតុ  បើកបរពីលិចទៅកើតបាត់ស្រមោល។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានម៉ូតូសណ្ដោង រុឺម៉ក មួយគ្រឿងម៉ាកCity ពណ៌ ក្រហម គ្មានស្លាកលេខ ជិះគ្នា៤នាក់ ដោយធ្វើដំណើរលិចទៅកើត ដោយគ្មានភ្លើងពីក្រោយខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដោយបើកបរស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ អ្នករបួស ត្រូវបានដឹក មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំពោះមធ្យោបាយ សមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ៕

ដោយ៖ សុថាន


ចែករំលែក៖