ភ្នំពេញ ៖ ក្មេងទំនើងចំនួន១៨នាក់ និងម៉ូតូ១៨គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន អប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទៅនឹងច្បាប់តទៅទៀត ព្រមទាំងឱ្យដោះដូរ បំពង់ស៊ីម៉ាំង ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ ចំណែកឯបំពង់ស៊ីម៉ាំងកែច្នៃ ត្រូវបានសមត្ថកិច្ច បានដកហូតដើម្បីលុបបំបាត់ និងបំផ្លាញចោល។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថា នគរបាលខណ្ឌឫស្សីកែវ បានធ្វើការណែនាំអប់រំ ក្រុមក្មេងទំនើងចំនួន ១៨នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង (ប្រែន) ដែលកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបដកហូតម៉ូតូបានសរុបចំនួន ១៨គ្រឿង ក្នុងនោះ បើកបរបង្ហោះម៉ូតូ ចំនួន ០៣គ្រឿង និងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង(ប្រែន) ចំនួន ១៥គ្រឿង ដែលបើកបរធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ បង្កសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អាចបង្កឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ និងល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
លោក ហ៊ាង ថារ៉េត បន្តថា ក្នុងនោះដែរ សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជម្រុញឱ្យពួកគាត់ជួយណែនាំអប់រំបន្ថែម៕
ដោយ៖ ជីណា