ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស​ ០៥នាក់​ ពាក់ព័ន្ធការជ្រើសរើសទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការយោធា

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ យោងតាម​ប្រភពព័ត៌មាន​ពី​កម្លាំងកងរាជអាវុធហត្ថខេត្ត​កំពង់​ឆ្នាំង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមតុលាការយោធា លុះនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២១ ខែមីនាម្សិលមិញនេះ​ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវ​រហូត​ឈានដល់ការឃាត់ខ្លួនមនុស្ស៥នាក់ នៅស្រុកសាមគ្គីមានជ័យ ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព។

ប្រភពដដែលបន្តថា​ ជនត្រូវចោទចំនួន៥នាក់ រួមមាន៖​ ទី១​៖ ឈ្មោះ ណែម សុផល អាយុ៤៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ,​ ទី២៖ ឈ្មោះ អន សំណាង អាយុ៣២ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរលក់ដីឡូត៍,​ ទី៣៖ ឈ្មោះ ហឿន សីហា អាយុ២១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរនិស្សិត​,​ ទី៤៖ ឈ្មោះ សាំង ស៊ីថា អាយុ៣១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ​ ,និងទី៥៖ ឈ្មោះ យឹម យុទ្ធ អាយុ៣៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរជាងម៉ូតូ។

ក្រោយ​កម្លាំង​សមត្ថកិច្ចជំនាញ​ ឃាត់ខ្លួន​ជនទាំង៥នាក់ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដេីម្បី​កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមតុលាការយោធា បន្តអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖