ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈកម្មាធិការយោធាណាតូ ស្វែងរកការគាំទ្រដល់អ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០២៤ អំឡុងពេលស្ថិតនៅក្នុងទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ (NATO) បាននិយាយថា សម្ព័ន្ធមិត្តអ៊ុយក្រែនមិនគួរមានទុទិដ្ឋនិយម អំពីសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់កងកម្លាំងរុស្ស៉ីនោះទេ ហើយជំនួយជាចាំបាច់ត្រូវតែចែកចាយឱ្យបានឆាប់។នេះជាលើកដំបូងដែល លោក Bauer បានដឹកនាំគណៈប្រតិភូយោធារបស់ណាតូទៅកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២២។ ថ្លែងទៅកាន់សន្និសីទស្តីពីសន្តិសុខនៅទីនោះ លោក Bauer បានបញ្ជាក់ថា «អ៊ុយក្រែនត្រូវការការគាំទ្រថែមទៀត ហើយត្រូវការវាឥឡូវនេះ។ ពេលវេលានៅអ៊ុយក្រែនមិនកំណត់លើថ្ងៃ សប្តាហ៍ ឬខែនោះទេ តែកំណត់លើអាយុជីវិតមនុស្ស»។
លោក Bauer ក៏បានកោតសរសើរចំពោះភាពអត់ធន់ និងសមត្ថភាពរបស់អ៊ុយក្រែន ដែលអាចកែប្រែស្ថានការណ៍បានយ៉ាងឆាប់រហ័ស ក្នុងសង្រ្គាមសម័យទំនើប។ ដោយឡែក លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងពីតម្រូវការគ្រាប់រំសេវ និងយន្តហោះដ្រូន ប្រាប់លោក Bauer ហើយបានពិភាក្សាគ្នាអំពីតួនាទីរបស់អង្គការណាតូ ក្នុងកិច្ចសម្របសម្រួលការគាំទ្រសម្រាប់អ៊ុយក្រែន ក៏ដូចជាការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ខ្លួន។
កងទ័ពអ៊ុយក្រែន កំពុងជួបប្រទះនូវការខ្វះខាតគ្រាប់រំសេវ និងកម្លាំងទ័ព ហើយកំពុងឈរជើងទប់ទល់នឹងការរុលទៅមុខរបស់រុស្ស៉ី នៅឯភាគខាងកើត៕

ដោយ៖ ធីរីណា(រូប​ថត​៖ DW)


ចែករំលែក៖