ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង ចុះលេងទឹកស្រះរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ បានស្លាប់ ក្រោយពីបានរអិលជើងធ្លាក់ទឹកស្រះក្នុងសាលារៀន ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោងប្រហែល ១៤ និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤  នៅចំណុចស្រះទឹក ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ខន ចាន់វឌ្ឍនា ភេទប្រុស អាយុប្រហែល១៥ឆ្នាំ ឪពុកឈ្មោះ សិន ហុកនី និងម្តាយឈ្មោះ ហីម សុធារី រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុមានសិស្សសាលាមួយក្រុមគ្នា២ទៅ៣នាក់បាននាំគ្នាដើរទៅមាត់ស្រះ ក្នុងគោលបំណងចុះទៅលេងទឹក។ ពេលទៅដល់មាត់ស្រះសិស្សរងគ្រោះបានចុះលេងមុន ហើយក៏រអិលជើងធ្លាក់ចូលក្នុងទឹកស្រះ ដោយសារទឹកជ្រៅមិនចេះហែលទឹក បានបណ្ដាលឱ្យលង់ស្លាប់ ។

ចំណែកសិស្ស២នាក់ទៀតបានរត់មកប្រាប់គ្រូ ភ្លាមៗនោះក៏បានប្រញ៉ាប់ប្រញ៉ាល់ទៅជួយសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងបានរាយការណ៍មកសមត្ថកិច្ចផងដែរ។

ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យនិងធ្វើកោសល្យវិច័យរួច សន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ចន្ថា


ចែករំលែក៖