ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំងប្រកាសគាំទ្រអង្គការសហប្រជាជាតិ ក្នុងការធ្វើសកម្មភាពដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្គា​ហ្សា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នៅថ្ងៃសុក្រនេះ ចិនបានអះអាងថា ខ្លួនគាំទ្រចំណាត់ការនានារបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UN) ដែលមានគោលដៅជួយបិទបញ្ចប់ ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ខណៈក្រុមប្រឹក្សានេះ ត្រៀមបោះឆ្នោតសម្រេចលើសេចក្តីព្រាងដំណោះស្រាយមួយ ផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ស្តីពីភាពចាំបាច់នូវបទឈប់បាញ់ជាបន្ទាន់។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ចិនគាំទ្រក្រុមប្រឹក្សាសន្តិសុខ UN ក្នុងការធ្វើសកម្មភាពបន្ថែមទៀត ដែលប្រកបដោយការទទួលខុសត្រូវ និងមានអត្ថន័យ ឱ្យបានឆាប់តាមតែអាចធ្វើទៅរួច ដើម្បីបង្កើនកិច្ចប្រឹងប្រែងសំដៅបិទបញ្ចប់សង្រ្គាមនៅ Gaza ឱ្យបានលឿន។ ចិនស្ថិតក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ទាំង៥ នៅក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសិទ្ធិវេតូប្រឆាំងចំពោះដំណោះស្រាយណាមួយ ហើយលោក Lin មិនបានបញ្ជាក់ឡើយថា ទីក្រុងប៉េកាំងនឹងបោះឆ្នោតគាំទ្រ សេចក្តីព្រាងដំណោះស្រាយរបស់អាមេរិក ដែរឬយ៉ាងណាទេ។
សហរដ្ឋអាមេរិក ដែលកន្លងមកបានរារាំងម្តងហើយម្តងទៀត នូវការអំពាវនាវឱ្យមានបទឈប់បាញ់នៅ Gaza នឹងដាក់ចេញនូវសេចក្តីព្រាងដំណោះស្រាយមួយ នាថ្ងៃសុក្រនេះដើម្បីឱ្យក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតសម្រេចស្តីពីភាពចាំនៃបទបាញ់បន្ទាន់ សម្រាប់ការប្រយុទ្ធគ្នានៅទីនោះ។ ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា រហូតមកទល់ពេលនេះ អាមេរិកបានប្រើសិទ្ធិវេតូរបស់ខ្លួន នៅក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីរារាំងស្ថាប័នអន្តរជាតិកំពូលនេះ ពីការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅ Gaza។ ចាប់តាំងពីការវេតូលើកចុងក្រោយនៅចុងខែកុម្ភៈ ក្រុមមន្រ្តីអាមេរិកបានព្យាយាមចរចាកែសម្រួលខ្លឹមសារថ្មី ដែលផ្តោតលើការគាំទ្រកិច្ចប្រឹងប្រែងការទូត ដែលកំពុងប្រព្រឹត្តទៅ សំដៅចង់ឱ្យមានបទឈប់បាញ់រយៈពេល៦សប្តាហ៍ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖