ព័ត៌មានទាន់ហេតុការណ៍៖

រយៈ​ពេល​២​ថ្ងៃ​! មន្ត្រីជំនាញ​ ក.ប.ប. រកឃើញ និងដកហូតទំនិញគ្មានគុណភាពជាង​ ១០០គីឡូក្រាម យកមករក្សាទុក ដើម្បីកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ មន្ដ្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​ មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត បន្តការអនុវត្តភារកិច្ចការពារសុវត្ថិភាពផ្នែកម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ និងអប់រំជាប្រចាំជូនដល់អាជីវករ​។ 

ជាក់ស្ដែង​ដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ ការពារផលប្រយោជន៍ធុរកិច្ចជនដែលស្មោះត្រង់តាមរយៈការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាពតាមច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. ប្រចាំសាខាខេត្តព្រះសីហនុ ,កំពង់ស្ពឺ ,តាកែវ ,ត្បូងឃ្មុំ ,បន្ទាយមានជ័យ ,បាត់ដំបង ,សៀមរាប និងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤ បានអនុវត្តការងារត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗជាច្រើន ដោយបានរកឃើញ និងដកហូតទំនិញពុំមានអនុលោមភាពចំនួន ១២៩.៧៩គីឡូក្រាម និងនំចំនួន ៤២កំប៉ុង យកមករក្សាទុក ដើម្បីកម្ទេចចោលតាមនីតិវិធី។ ជាមួយគ្នានេះដែរ មន្ត្រីយើងបានរកឃើញភេសជ្ជៈរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ១៣.៥លីត្រ។

បន្ថែមពីនោះមន្រ្តីជំនាញបានធ្វើការអប់បន្ថែមជូនអាជីវករអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យម្ហូបអាហារ រួមទាំងចែកជូននូវផ្ទាំងរូបភាពអប់រំអំពីសុវត្ថិភាពម្ហូបអាហារជូនដល់អាជីវករ និងបិទនៅតាមទីផ្សារផងដែរ៕

ដោយ​៖តារា​


ចែករំលែក៖