ខេត្តព្រះសីហនុ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មុននឹងអាចឈានទៅអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជួសជុលស្រាល ថែទាំប្រចាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលវេញ)ប្រវែង២០គីឡូម៉ែត្រ ដែលរងការខូចខាតធ្ងន់ធ្ងរ និងរ៉ាំរ៉ៃជាច្រើនឆ្នាំ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានកែលម្អស្ថានភាពផ្លូវ ភ្ជួរ កៀរ កិន បង្ហាប់ ដើម្បីសម្រួលចរាចរណ៍ និងដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវនេះក្នុងល្បឿនមធ្យម ដោយសម្រេចបានប្រវែងជាង ៦គីម៉ែត្រហើយ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ បានបន្តថា យើងខ្ញុំសូមការយល់យោគ អាធ្យាស្រ័យនូវរាល់ការរំខាននានា ក្នុងកំឡុងពេលអនុវត្តការងារខាងលើនេះ៕
ដោយ៖ តារា