ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ត្រៀម​បញ្ជូនខ្លួន​ជនសង្ស័យចំនួន ៥៨នាក់​ រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ ទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥៨នាក់​ ជាសាធារណៈ​ រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​។ 

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់​ កម្លាំង​ជំនាញ​  នៃការិយាល័យប្រឆាំងគ្រឿងញៀន​ កាលពីវេលាម៉ោង១៤​ និង២០នាទីរសៀលថ្ងៃទី២២ ខែមីនាម្សិលមិញនេះ​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន ៥៨នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបបាននៅចំណុចក្រុមទី០៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ 

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ បានចាប់ដកហូតយកវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ ទម្ងន់ស្មើនឹង ៥៦.១៤ក្រាមទាំងសំបក, ដបជក់ ០៤, ខ្សែជក់ ១៥, បារីអេឡិចត្រូនិច ០៣ដើម, ដែកកេះ ០៤, ដំបងឆក់ ០១, ទូរសព្ទដៃ ៣៥គ្រឿង, ម៉ូតូ ១០គ្រឿង និងថង់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន​ជនសង័្សយ​ និងវត្ថុតាង​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ និងកសាងសុំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

សូមជម្រាបជូនថា​ កម្លាំងកងរាជអាវុធហត្ថខេត្ដព្រះសីហនុ រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅក្នុងភូមិសាស្រ្ត និងសហការជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖