ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Yen Rithy ដែលបានបង្ហោះខ្លឹមសារថា៖ អង្គុយចាំតាំងពីម៉ោង២ជាង មកធ្វេីលិខិតផ្លាស់ប្តូរទីលំនៅ នៅប៉ុស្ដិ៍តែមេប៉ុស្តិ៍មិននៅ ពេលខលសួរថាចាំថ្ងៃស្អែកទៅព្រោះរវល់ដេកនៅផ្ទះ។ អ្នកធ្វេីការដូចគ្នាបានយល់សុំច្បាប់គេមកម្តងៗគឺយ៉ាប់ណាស់ ហេតុអីអោយអង្គុយចាំ២-៣ម៉ោង ហេីយមួយទៀតបេីធ្វេីរួចហេីយក៏នៅចាំស៊ីញ៉េបោះត្រាពីមេប៉ុស្តិ៍ទៀតបានរួចរាល់។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវករណីខាងលើ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់។
ជាលទ្ធផលសមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋឈ្មោះ នី រីណា ភេទស្រី ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Yen Rithy បានមកជួបជាមួយលោក ហែម វិជ្ជា ជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលពុកឫស្សី ដើម្បីធ្វើលិខិតផ្លាស់ប្ដូរទីលំនៅ ពេលនោះលោកនាយរងប៉ុស្ដិ៍ប្រាប់ថា សូមរង់ចាំបន្តិច លោកនាយប៉ុស្ដិ៍មិននៅទេ គាត់ទៅផ្ទះ មានការរវល់បន្តិច បើប្រញាប់ទុកឯកសារនៅនឹងខ្ញុំមក ពេលគាត់មកវិញខ្ញុំធ្វើឱ្យហើយ ខ្ញុំខលឱ្យមកយក លុះដល់ម៉ោង១៦និង៣០នាទី លោកនាយប៉ុស្ដិ៍មកវិញ ក៏ធ្វើលិខិតរួច ហើយខលហៅឈ្មោះ នី រីណា ឱ្យមកយកតែម្ដង ពេលមកយកលិខិត ឈ្មោះ នី រីណា មិនបានមកយកដោយផ្ទាល់ទេ គឺឱ្យមនុស្សប្រុស ឈ្មោះ យឺន រិទ្ធី ត្រូវជាគូរដណ្ដឹង មកយក។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
ដោយ ៖ សិលា