ភ្នំពេញ ៖ កន្លងមក រដ្ឋបាលខេត្តព្រៃវែង បានពិនិត្យឃើញថា នារដូវប្រាំងនេះ ដោយស្ថានភាពអាកាសធាតុប្រែប្រួលក្តៅ ហួតហែង ដែលបានបង្កជាគ្រោះមហន្តរាយដោយអគ្គីភ័យកើតឡើងជាយថាហេតុ នៅតាមបណ្តាលក្រុង ស្រុក មួយចំនួន ក្នុងខេត្តព្រៃវែង។ ជាមួយនេះ ដើម្បីបង្ការ និងទប់ស្កាត់នូវឧប្បត្តិហេតុដោយអគ្គីភ័យឲ្យបានទាន់ពេល វេលា និងដើម្បីធានានូវសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំ និងដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
១-ហាមដាច់ខាត៖
– ដុតជញ្ជ្រាំង ឬចំប៉ើងនៅក្បែរផ្ទះ និងផុតសំរាម ឬ កាកសំណល់នៅក្បែរព្រៃ និងស្មៅស្ងួត
– ដុតព្រៃ និងហាមបោះកន្ទុយបារីពាសវាលពាសកាលលើស្មៅដែលក្រៀមហួតហែង
– បង្កាត់ភ្នក់ភ្លើងក្នុងព្រៃ និងស្មៅស្ងួត។
២-ត្រូវប្រុងប្រយ័ត្ន៖
ចំពោះភ្លើងចង្ក្រាន ទៀន ធូប តាមផ្ទះសម្បែងរៀងៗខ្លួន ពិសេសការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆាបឆេះ ឬ ងាយផ្ទុះឆេះ ដែលបណ្តាលឲ្យមានអគ្គីភ័យកើតឡើង
– ជៀសវាងការតភ្ជាប់ ឬ ប្រើប្រាស់ចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស និងសូមត្រួតពិនិត្យ ឬបិទចរន្តអគ្គិសនី មុនពេលចាកចេញពីផ្ទះ
– ត្រួតពិនិត្យឲ្យបានហ្មត់ចត់ និងបង្ការកុំឲ្យមានការឆេះរាលដាល បង្កើតជាគ្រោះអគ្គីភ័យដែលអាច បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។
៣-ករណីមានគ្រោះអគ្គីភ័យកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។
៤-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិទូទាំងខេត្ត ត្រូវពង្រឹងការយកចិត្តទុកដាកខ្ពស់ ក្នុងការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានយល់ដឹងពីផលលំបាកនៃ គ្រោះមហន្តរាយដោយគ្រោះអគ្គីភ័យ។
៥-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ត្រូវត្រៀម លក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការ និងទប់ស្កាត់ការកើតឡើងនូវអគ្គីភ័យជាយថាហេតុ នៅក្នុងមូលដ្ឋាន។ ៦-ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះករណីជនប្រព្រឹត្តល្មើសទាំងឡាយណា ដែលបង្កឲ្យមានវិនាសកម្ម និងមហន្តរាយដល់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដើម្បីទទួលការពិន័យ និងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ជាធរមាន។ ទទួលបានសេចក្តីណែនាំនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រៃវែង មេបញ្ជាការ អាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សិលា