ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្រ្កាបជាក់ស្តែងពាក់ព័ន្ធបទល្មេីសលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី ត្រង់ចំណុចផ្លូវលេខ២១៧(ច្រកចូលទីលានចាក់សំរាម) ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល២៥ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY ពណ៍ស មិនស្គាល់ស៊េរី មិនស្គាល់ស្លាកលេខ ធ្វេីដំណេីរម្នាក់ឯងតាមផ្លូវលេខ២១៧ ពីជើងមកត្បូង ដោយបានទុកទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPHONE X ដាក់ស្រោមពណ៌ផ្កាឈូក នៅហោប៉ៅម៉ូតូខាងស្តាំ ដល់ចំណុចច្រកចូលទីលានចាក់សំរាម ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យចំនួន០១នាក់ឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KP-៩៧១៥ ស្របទិសគ្នា ដោយជនសង្ស័យបានជិះអែបខាងស្តាំដៃម៉ូតូរបស់ជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនបត់ត្រឡប់ក្រោយក្នុងទិសដៅពីត្បូងមកជើង ។
បន្ទាប់មកជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ ស្របពេលនោះសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវក្បែរកន្លែងកើតហេតុនោះក៏បានជួយធ្វើអន្តរាគមន៍ ដេញតាមពីក្រោយជនសង្ស័យរហូតដល់ត្រង់ចំណុចក្បែររបងវត្តឧត្តមមានជ័យព្រះបាទជាន់ឯក(វត្តជើងឯក)ផ្លូវបេតុង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានទម្លាក់ទូរស័ព្ទដៃចោលនៅលើផ្លូវបេតុងហើយជនរងគ្រោះក៏បានឈប់ម៉ូតូរើសទូរស័ព្ទដៃរបស់ខ្លួនហើយជិះម៉ូតូចេញទៅវិញបាត់ទៅ ចំណែកជនសង្ស័យព្យាយាមជិះគេចខ្លួនបន្តទៀតបានប្រហែល១០០មែត្រ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង:១/ ម៉ូតូម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KP-៩៧១៥ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចបានស្រាវជ្រាវរកជនរងគ្រោះ តែជនរងគ្រោះមិនបានមកធ្វើការបំភ្លឺ និងដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច អំពីហេតុការណ៍ខាងលើឡើយ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃម៉ាកIPHONE X ដាក់ស្រោមពណ៌ផ្កាឈូក របស់ជនរងគ្រោះប្រាកដមែន ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ