ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់មនុស្ស៣នាក់ស្លាប់ភ្លាមៗ និងរងរបួសធ្ងន់៤នាក់ បន្ទាប់ពីរថយន្ត៤គ្រឿងបុកបន្តគ្នានៅក្នុងក្រុងឧដុង្គម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកមនុស្ស០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ពីរថយន្ត៤គ្រឿងបើកបរលឿនជ្រុលបុកបន្តកន្ទុយគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣-៤ ត្រង់ចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ក្រុងឧដុង្គម៉ែជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ស្លាកលេខភ្នពេញ3F-3131 (រថយន្ដមានដឹកជ្រូកពេញរថយន្ដ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួន) បើកបរពីទិសខាង ជើងទៅទិសខាងត្បូង។ លុះមកដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកពីក្រោយរថយន្ដមួយគ្រឿង ម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង2B-7307 អ្នកបើកបរឈ្មោះ ទុន ស៊ីណេត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលកំពុងតែបើកបរពីទិសខាងជើងទៅទិសខាងត្បូង ធ្វើឲ្យរថយន្ដម៉ាក TOYOTA CAMRY បានជ្រុលទៅបុកពីក្រោយរថយន្ដ មួយគ្រឿងទៀត ម៉ាកSSANG YONG MUSSO GRAND ពណ៌ស ពាក់ស្លាកលេខកម្ពុជា KH.LOUNG អ្នកបើកបរឈ្មោះ អ៉ឹម នភា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលកំពុងតែបើកបរពីទិសខាងជើងទៅទិសខាងត្បូង ។ រថយន្ដម៉ាក HYUNDAIដែលជារថយន្តបង្ក បានគេចមកខាងឆ្វេងដៃទៅបុករថយន្ដ មួយគ្រឿងទៀតម៉ាកKIA VISTO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AF-7206។

នគរបាលដដែលបន្តថា អ្នកបើកបរឈ្មោះ តាំង សុខលីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  និងអ្នករួមដំណើរចំនួន ៦នាក់ ទី១ឈ្មោះ ណាយ សុភាព ភេទស្រី អាយុ២៤ឆ្នាំ,ទី២ឈ្មោះ លី រាជណា ភេទស្រី អាយុ ៤ ឆ្នាំ,ទី៣ឈ្មោះ ណាយ សុខឃៀង ភេទប្រុស អាយុ៣០ ឆ្នាំ (អ្នកទាំងបី) រស់នៅភូមិពាមល្វែង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល,ទី៤ឈ្មោះ ណាយ សុខឃឿន ភេទស្រី អាយុ៣៦ឆ្នាំ,ទី៥ឈ្មោះ តាំង ស្រីល័ក្ខ ភេទស្រី អាយុ៨ឆ្នាំ និងទី៦ឈ្មោះតាំង ស្រីលីស ភេទស្រី អាយុ០២ឆ្នាំ (ទាំងបីនាក់)រស់នៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងតែបើកបរពីទិសខាងត្បូងទៅទិសខាងជើង ហើយករណីនេះបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស ស្លាប់៣នាក់ ស្រី ០២នាក់ នៅកន្លែងកើតហេតុ( ១,ឈ្មោះ តាំង សុខលីម(ស្លាប់) ២, ឈ្មោះណាយ សុភាព (ស្លាប់)  និងឈ្មោះ លី រាជណា (ស្លាប់)នៅនឹងកន្លែងកើតហេតុ)។

និងអ្នករបួសធ្ងន់ចំនួន៤ក្នុងនោះស្រី ៣នាក់( ឈ្មោះ ណាយ សុខឃៀង ភេទប្រុស, ឈ្មោះ ណាយ សុខឃឿន ភេទស្រី, ឈ្មោះ តាំង ស្រីល័ក្ខ ភេទស្រី, និងឈ្មោះ តាំង ស្រីលីស ភេទស្រី)។

ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ សាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីនេះជំនាញកំពុងតែចុះពិនិត្យ វាស់វែង សម្រួលចរាចរណ៍ និងចាត់ចែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖