ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់សម្លាប់ប្រពន្ធនិងម្នាក់ទៀតជាអ្នកសម គំនិត ត្រូវបានសមត្ថកិច្ចស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសជាជនសង្ស័យ២នាក់ ដោយម្នាក់ជាឃាតកនិងម្នាក់ទៀតជាអ្នកសមគំនិតត្រូវសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត ចាប់ឃាត់ខ្លួនបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីជនទាំង២នាក់ខាងលើនេះបានសមគំនិតគ្នាសម្លាប់ស្ត្រីម្នាក់និងដឹកយកទៅបោះចោលទាំងកណ្ដាលយប់។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៤នៅក្នុង ភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក សេង ចន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៧៖២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់នៅចំណុចមាត់លូបឹងរលាំងស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្នុងមូលដ្ឋាន។ បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ និងឃើញមានសាកសពស្ត្រីរងគ្រោះខាងលើដូចការរាយការណ៍របស់ប្រជាពលរដ្ឋមែននោះ លោកក៏បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យនិងធ្វើកិច្ចការនេះទាំងយប់ផងដែរ។

លុះព្រឹកឡើងថ្ងៃទី២៣ ខែមីនា កម្លាំងនៃអធិការដ្ឋានស្រុកសាមគ្គីមានជ័យ បន្តសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ កំណត់បានមុខសញ្ញាជនដៃដល់ និងជនសមគំនិតដោយបាននាំជនសង្ស័យទាំងពីរនាក់ខាងលើនេះ មកសាកសួរ ទើបជននេះបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តដោយសម្លាប់ប្រពន្ធរបស់ខ្លួន ហើយដឹកយកទៅទម្លាក់ចោលនៅចំណុចខាងលើដើម្បីបង្វែងដានប្រាកដមែន។

លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្ដីបានសារភាពថា មុនពេលកើតហេតុខ្លួននិងមិត្តភក្តិរបស់ខ្លួនម្នាក់ទៀតបានអង្គុយហូបស្រា២នាក់នៅក្នុងផ្ទះជនរងគ្រោះ (ប្រពន្ធ)ខណៈដែលកំពុងអង្គុយផឹកជាមួយមិត្តភក្តិ ខ្លួនជាប្ដីក៏បានយកទូរស័ព្ទរបស់ប្រពន្ធមកចុចលេង ខណៈនោះប្រពន្ធក៏បានទារយកទូរស័ព្ទទៅវិញ ដោយមិនចង់ឲ្យប្ដីយកទូរស័ព្ទរបស់ខ្លួនទៅចុចលេង ខណៈនោះដែរ ក៏បានបង្ក ទំនាស់ជាពាក្យ សម្ដីរហូតឈានដល់សម្លាប់ប្រពន្ធតែម្ដង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីរងគ្រោះឈ្មោះ មិត ធា អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅជាមួយបុរសជាប្តីឈ្មោះ វ៉ាន់ វិរ: អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅលើសាកសពសមត្ថកិច្ចជំនាញរកឃើញស្នាមដាល់ចំភ្នែក និងច្របាច់ក ដោយមានស្នាមក្រចក បណ្ដាលឱ្យស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់ ។ បន្ទាប់មកជនដៃដល់និងមិត្តភក្តិរបស់គេម្នាក់ទៀតឈ្មោះ គឹម ខឿន អាយុ ៣៣ ឆ្នាំ ក៏បានដឹកសពស្ត្រីរងគ្រោះតាមម៉ូតូយកមកទម្លាក់ចោលនៅក្បែរលូ ចំណុចខាងលើ ដែលមានចម្ងាយប្រមាណជា៤០០ ម៉ែត្រពីកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យជាឃាតកនិងបក្ខពួកម្នាក់ទៀតជាអ្នកសម គំនិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនមកស្នងការនគបាលខេត្ត ដើម្បីកសាងសំណុំឯកសារបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖