គ្រាប់បាល់ដំបូងរបស់ Lorenzo Pellegrini និងគ្រាប់បាល់ចុងម៉ោងរបស់ Nicolo Barella បានផ្តល់ឱ្យក្រុមអុីតាលីនូវជ័យជម្នះ ២ទល់០ លើក្រុមម្ចាស់ផ្ទះអេក្វាឌ័រក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅឯកីឡដ្ឋាន Red Bull Arena ក្នុងរដ្ឋ New Jersey កាលពីថ្ងៃអាទិត្យ។
គ្រូបង្វឹកសញ្ជាតិអុីតាលីលោក Luciano Spalletti បានធ្វើការផ្លាស់ប្តូរកូនក្រុមចំនួន១១នាក់ក្នុងក្រុមពីការឈ្នះ ២–១ កាលពីថ្ងៃព្រហស្បតិ៍លើវេណេហ្ស៊ុយអេឡា ដែលជាការប្រកួតដំបូងក្នុងចំណោមការប្រកួតទាំង២ក្នុងដំណើរប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិក ដោយផ្តល់ឱកាសឱ្យកីឡាករកាន់តែច្រើនដើម្បីបង្ហាញខ្លួនឯងមុនការប្រកួត Euro 2024 នៅប្រទេសអាល្លឺម៉ង់។
មានភាពស្ងប់ស្ងាត់មួយនាទីជាការផ្តល់កិត្តិយសដល់នាយក Fiorentina លោក Joe Barone ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ។ កីឡាករ Pellegrini បានជួយឲ្យអុីតាលីនាំមុខបន្ទាប់ពីលេងបានត្រឹម៣នាទីពីការស៊ុតហ្វ្រីឃីក។ ប៉ុន្មាននាទីក្រោយមក Nicolo Zaniolo មានឱកាសមួយដែរដើម្បីស្វែងរកគ្រាប់បាល់ទី២ ប៉ុន្តែការប៉ុនប៉ងរបស់គាត់ត្រូវបានរារាំងដោយអ្នកចាំទី Javier Burrai ។
អេក្វាឌ័របានវាយសម្រុកកាន់តែខ្លាំងក្នុងតង់ទី២ ប៉ុន្តែត្រូវបានអ្នកចាំទី Guglielmo Vicario របស់អុីតាលីបានសង្គ្រោះពីការប៉ុនប៉ងដ៏គ្រោះថ្នាក់ពីក្រៅប្រអប់ដោយ Gonzalo Plata។ ទោះជាយ៉ាងណាក៏ដោយ ឈានចូលដល់ម៉ោងបន្ថែម អុីតាលីបានវាយបករកបានគ្រាប់ទី២ពីការស៊ុតរបស់ Barella នៅនាទីទី៩០+៤។
លោក Spalletti បាននិយាយថា ដំណើរប្រកួតមិត្តភាពទេសចរណ៍នៅតំបន់អាមេរិកមានភាពវិជ្ជមានសម្រាប់ក្រុម ខណៈដែលពួកគេត្រៀមការពារជើងឯកអឺរ៉ុបរបស់ពួកគេនៅខែមិថុនា។
គាត់បានបន្ថែមថា “មានព្រឹត្តិការណ៍ជាច្រើន ការណាត់ជួប និងដំណើរបន្ត ដូច្នេះការគ្រប់គ្រងវាទាំងអស់រួមគ្នាតាមរបៀបដែលយើងបានធ្វើរវាង (សហព័ន្ធបាល់ទាត់អុីតាលី) និងក្រុមនៅលើទីលាន ដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ដ៏ល្អមួយ។ យើងមានការសម្តែងល្អមួយចំនួន មានរឿងខ្លះដែលយើងត្រូវដោះស្រាយ ហើយមិនមានពេលច្រើនដើម្បីធ្វើការនោះ ប៉ុន្តែហ្គេមទាំងនេះជួយយើងក្នុងការវិភាគ ហើយបន្ទាប់មករកឃើញអ្វីដែលវិជ្ជមាន”។
បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់ចុងក្រោយ Barella បានអបអរការប្រកួតទីមួយក្នុងនាមជាប្រធានក្រុមរបស់អុីតាលី ហើយមានការរំភើបចិត្តខ្លាំងណាស់។ កីឡាកររូបនេះនិយាយថា “ប្រហែលជាយើងបានរងទុក្ខខ្លាំងពេកនៅក្នុងតង់ទីពីរ ដោយគិតពីគុណភាពរបស់យើង ប៉ុន្តែវាបានជួយយើង និងខ្ញុំឱ្យរក្សាថាមពលនោះឡើងវិញសម្រាប់ការបញ្ចប់ម៉ោងចុងក្រោយ និងរីករាយក្នុងការស៊ុតបញ្ចូលទី។ យើងកំពុងចាប់យកអ្វីដែលគ្រូបង្វឹកសុំពីយើង យើងកំពុងកែលម្អ មានការងារជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែយើងកំពុងបង្កើតក្រុមដ៏ល្អជាមួយកីឡាករដែលចង់ផ្តល់ឱ្យពួកគេទាំងអស់” ។
អុីតាលីមានការប្រកួតមិត្តភាពពីរលើកទៀតក្នុងខែមិថុនា ទល់នឹងទួរគី និងបូស្នៀ មុនទៅប្រកួតនៅអាល្លឺម៉ង់។
អុីតាលីត្រូវបានចាប់ឆ្នោតជាមួយ អេស្ប៉ាញ អាល់បានី និងក្រូអាត នៅក្នុងពូល B ក្នុងព្រឹត្តិការណ៍ Euro 2024រយៈពេល១ខែដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)