ភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ជូខ្លួនជនសង្ស័យប្រុស ស្រី ៣នាក់ វត្ថុតាងថ្នាំញៀនជាង ១៨៥គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។
សូមបញ្ចាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ហាញមុខក្រុមជនសង្ស័យទាំង ៣នាក់ករណីបទល្មើសគ្រឿងញៀននេះប្រព្រឹត្តឡើងក្រោមវត្តមានលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន ២គោលដៅ។
គោលដៅទី១៖ នៅចំណុចដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២៖ នៅចំណុចមុខ វត្ត ញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នាប្រតិបត្តិការនោះសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១.ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩១, ២. ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និង៣. ឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ)។ វត្ថុតាងចាប់យកបាន រួមមាន ៖ កេតាមីន (KETAMINE) ទម្ងន់ជាង ១៨៣គីឡូក្រាម និង ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ជិត ២គីឡូក្រាម ។ សរុបវត្ថុតាងគ្រឿងញៀនជាង ១៨៥គីឡូក្រាម) ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់នេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា