ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ វ៉ាត ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់), ២-ឈ្មោះ ម៉ាន់ សាន់យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់),៣-ឈ្មោះ ហៀ មេសា ហៅ អឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិគោកី ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់) ព្រមចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខបន្ទាយមានជ័យ1V-2014 -ទូរស័ព្ទ ចំនួន ០៣គ្រឿង (ម៉ាកIPhone11 ពណ៌ខ្មៅ, ម៉ាកVivo Y21 ពណ៌ទឹកសមុទ្រ, ម៉ាកVivo ពណ៌ខ្មៅ)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនពេលបង្រា្កបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា នៅចំណុចខាងលើ ភ្លាមលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុបានឃើញក្រុមក្មេងទំនើងមួយក្រុមធំ មានគ្នាប្រហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង ពេលឃេីញកម្លាំងពួកគេផ្អើលនាំគ្នាបើកម៉ូតូរត់គេចខ្លួន បន្ទាប់មកកម្លាំងយើងបានបើករថយន្តដេញតាមចាប់បានម៉ូតូក្មេងទំនើងចំនួន០១គ្រឿង ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំង៣នាក់ខាងលើ ជាលទ្ធផលវិជ្ជមាន(+) ទេីបកម្លាំងបានធ្វើការឃាត់ខ្លួននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានសារភាពថាពួកគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ វណ្ណា