ខេត្តសៀមរាប ៖ នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។ ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។ នេះជាការបញ្ជាក់ពី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។
លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕
ប្រភព ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ