ខេត្តកំពង់ឆ្នាំង ៖ លិខិតអំពាវនាវ របស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ ដើម្បីរៀបចំកម្មវិធីសង្ក្រាន្ត ប្រកបដោយភាពសប្បាយរីករាយ និងទទួលបានជោគជ័យតាមការគ្រោងទុក សូមទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនទាំងអស់ មេត្តាជួយគាំទ្រ និងអញ្ជើញចូលរួម ដោយក្តីអនុគ្រោះ នៅវត្តឧត្តមសេរីរាជារាម(ហៅវត្តក្រាំងស្រម៉) ស្ថិតក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
រដ្ឋបាលស្រុកសាមគ្គីមានជ័យ មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលស្រុក នឹងរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅវត្តឧត្តមសិរី រាជារាម (ហៅវត្តក្រាំងស្រម៉) ស្ថិតក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងស្មារតីសាមគ្គីភាព និងចូលរួមគាំទ្រដល់ដំណើរការទ្រទ្រង់សកម្មភាពរៀបចំកម្មវិធីព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលស្រុក សូមអំពាវនាវ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចូលរួម ជួយឧបត្ថម្ភជាថវិកា ឬសម្ភារផ្សេងៗ ដើម្បីទ្រទ្រង់ដល់ដំណើរការរៀបចំកម្មវិធីឱ្យសម្រេចបានជោគជ័យ។
រដ្ឋបាលស្រុកសាមគ្គីមានជ័យ សូមថ្លែងអំណរគុណទុកជាមុនចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងកាយវិកា ចូលរួមឧបត្ថម្ភខាងលើ និងសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា