ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ បង្ហាញ​ពីសកម្មភាពមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការ​តាមបណ្ដាខេត្ត​ ដើម្បីការពារដែនជម្រកសត្វព្រៃ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​សកម្មភាពមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការ​តាមបណ្ដាខេត្ត​មួយចំនួន​ បានធ្វេី​ការជិះ​ល្បាត​ ដើម្បីការពារដែនជម្រកសត្វព្រៃ។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ជាក់ស្ដែង​មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ នៃការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប កាលពីថ្ងៃទី២៥ មីនាម្សិលមិញ បានចុះល្បាតទៅចំណុច ជើងភ្នំបារាយណ៍ ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ 

មន្ត្រីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ចាប់ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដំណាក់ហ្លួង បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិស្រែវាល ចុះល្បាតដល់ចំណុចអូរតូច ចំណុចព្រៃក្តឿង និងចំណុចព្រៃក្តឿង ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ចំណែក​មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល ចុះល្បាតទៅដល់ចំណុចអូររំដេង ស្ថិតក្នុងភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ 

ដោយឡែកនៅខេត្តសៀមរាប​ មន្ត្រីឧទ្យានុរក្ស នៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤នេះ បានចុះល្បាតរហូតដល់ចំណុចឆេះវែក ស្ថិតក្នុងភូមិសាស្រ្តភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ។

ក្នុងថ្ងៃជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស នៃតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ក៏បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ និងសហគមន៍ព្រៃធំ ចុះល្បាតដល់ចំណុចខាងកើតស្រះស្វាយប៉ា និងចំណុចព្រៃធំ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។​ ចំណែកមន្ត្រីឧទ្យានុរក្ស នៃតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានសហការជាមួយសហគមន៍ភ្នំពក ចុះល្បាតនៅចំណុចល្អាង ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។​ រីមន្ត្រីឧទ្យានុក្ស ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានចុះល្បាតដល់ចំណុចប្រាសាទចាក់ច្រែង ស្ថិតនៅភូមិ ក្រមុំបូល ឃុំកន្ទួតស្រុកស្វាយលើ។ ចំណែកឯមន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស បានចុះល្បាតនៅចំណុចខាងកើតដីឆ័ត្រ ស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ផងដែរ។ 

ជាមួយគ្នានោះ​ នៅខេត្តបាត់ដំបងលោក លី សាមី នាយកស្តីទីតំបន់​ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានដឹកនាំមន្ត្រីឧទ្យានុក្សចុះល្បាត ភូមិសាស្ត្រ ភ្នំផេះ ស្ថិតនៅក្នុងភូមិវិរៈជ័យ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

លោក វឿន ប៊ុនឈឿន ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ (W.A) បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីរេដបូក នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ស្នាក់ការរងច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។​ ដោយឡែក លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយអង្គការសម័្ពន្ធមិត្តសត្វព្រៃ (W.A) បានចុះយកនិយាមកាដីភ្នំ ដើម្បីធ្វើដីកាដកហូត ដាំកូនឈើ និងស្ដារគម្របព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង៕

ដោយ​៖ តារា​


ចែករំលែក៖